ខេត្តកណ្តាល៖នៅរសៀលថ្ងៃពុធ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០២១
។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យដោះស្រាយបញ្ហាការជន់លិចដោយទឹកភ្លៀង នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
។
នាឱកាសចុះពិនិត្យនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ផ្ទួនៗគ្នា បានធ្វើឱ្យទឹកជន់លិច និងហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធ្វើឱ្យប៉ះពាល់ដល់ល្បឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីនេះ
។
ឯកឧត្តម បន្តថា ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៣ មានយន្តហោះខ្នាតអន្តរជាតិនឹងហោះហើរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះផងដែរ
។
ក្នុងឱកាសនោះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវចុះពិនិត្យមើលប្រព័ន្ធលូ ប្រឡាយ ដើម្បីស្ដាយបញ្ចៀសនូវចរន្តទឹក កុំឱ្យបុកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះ ផងដែរ៕