នៅលើផេកផ្លូវការ នាព្រលប់ ថ្ងៃ អង្គារ ៤កើត ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១
។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ រយៈពេលជាង១០ម៉ោងមកនោះ
។
នៅលើផេកផ្លូវការ នាព្រលប់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។ សម្ដេចតេជោបន្តថា អ្វីដែលខុសពីធម្មតា គឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំ ហាត់ប្រាណនៅថ្ងៃស្អែកវិញ។ សម្ដេចតេជោនាយករដ្ឋបញ្ជាក់បន្ថែមថា ចំណែកភរិយាខ្ញុំកាន់តែប្រសើរ ព្រោះក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល
។
គួរបញ្ជាក់ដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញកាលពី នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ ខណៈនៅទូទាំងប្រទេសកម្ពុជាចាក់ដូសទី៣ ឬដូសជំរុញបានប្រមាណជិត៧៨ ម៉ឺននាក់នោះ។ សម្ដេចតេជោថ្លែងថា នឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបាន ចាក់ដូសទី១និងដូសទី២រួចរាល់ ទៅតាមពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ ទៅ ដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ៕