ខេត្តកណ្តាល៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
។
ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការីចូលរួមសិក្ខាសាលាស្តីពី ការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយបានការចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តចំនួន៣រួមមាន៖ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តសៀម និងរដ្ឋបាលខេត្តកំពង់ស្ពឺ តាមប្រព័ន្ធអនឡាញ (Zoom)
។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ចាក់ថា៖គោលបំណងក្នុងសិក្ខាសាលាគឺពិនិត្យ ពិភាក្សា និង ដំណោះស្រាយ លើបញ្ហាមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយក្នុងការគ្រប់គ្រងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកអោយត្រឹមត្រូវ។ឯកឧត្តមជឿជាក់ថា គម្រោងនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅនឹងដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ហើយដើម្បីកសាងប្រព័ន្ធដែលមានទំរង់ច្បាស់លាស់ ហើយប្រកបទៅដោយអនាម័យ សុវត្ថិភាព និងសុខភាពសំរាប់ប្រជាពលរដ្ឋក្នុងការរស់នៅ
។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖កន្លងមកយើងមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម ប៉ុន្តែប្រព័ន្ធពីមុនមក ជាទូទៅការប្រមូលសំរាមនេះគឺគ្រប់គ្រងដោយវិស័យឯកជនស្ទើរតែទាំងអស់ក្នុងប្រកម្ពុជា តែដោយថ្មីៗនេះរាជរដ្ឋាភិបាលមើលឃើញភាពអសកម្មមួយចំនួនទើបចាប់ផ្តើមកែសម្រួលប្រព័ន្ធនេះ ជាពិសេសយើងបានកែសម្រួលប្រព័ន្ឋការគ្រប់គ្រងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីធ្វើកែលំអកន្លងមកនេះ មានការសាទរពេញចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋជាច្រើនក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទីកនេះ
។
ឯកឧត្តម សង្ឃឹមថាសិក្ខាសាលានៅពេលនេះវាជាវេទិកាមួយជជែកពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀតនៃលទ្ធផលនៃការសិក្សាស្រាវជ្រាវសំរាប់ជាឯកសារសំរាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តនៅពេលខាងមុខ៕