កណ្ដាល៖នៅរសៀលថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញអមដំណើរឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យស្ថានភាពទឹក និងការលើកទំនប់ទប់ស្កាត់ទឹកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងឲ្យដឹងថា ឯកឧត្ដមបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធបន្តចុះពិនិត្យស្ថានភាពទឹក នៅតំបន់ទំនប់៥៤ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល
។
បើផ្អែកតាមរបាយការណ៍របស់មន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត និងការចុះពិនិត្យនីវ៉ូទឹកជាក់ស្តែងដោយផ្ទាល់គិតត្រឹមរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ គឺសង្កេតឃើញថាស្ថានភាពទឹកមានការស្រកចុះបានចំនួន០,២ម៉ែត្រ (២តឹក) បន្ទាប់ពីក្រុមការងារជំនាញពាក់ព័ន្ធបានជីក កាយប្រឡាយចំនួន ០៤ទីតាំង ក្នុងនោះនៅប្រឡាយមេ៩៦ ទំហំ៣៥ម៉ែត្រ ចំនួន១ទីតាំង និងនៅចំនុចទំនប់៥៤ ចំនួន៣ទីតាំង ទំហំ៤០ម៉ែត្រ ដើម្បីជួយសម្រួលចរន្តទឹកហូររំដោះទឹកចេញពីភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្ហូរទៅបឹង៥០០ (នឹងជើងលោង) ដើម្បីបញ្ជៀសការជន់លិច លំនៅដ្ឋាន និងផលដំណាំប្រជាពលរដ្ឋ នៅតំបន់មួយចំនួន នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។