នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់លោក ស៊ូ សាវ៉ាង (ហៅតា ហ្វុយ ហ្សូ) តារាកំប្លែងជើងចាស់ ដែលកំពុងជួបការលំបាក និងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់
។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាពរបស់លោក ស៊ូ សាវ៉ាង និងលើកទឹកចិត្តឱ្យមានស្មារតីរឹងប៉ឹង អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ។ លោកស្រី ប៉េង ផាន ភរិយាលោកតា ស៊ូ សាវ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជួយឧបត្ថម្ភជាបន្តបន្ទាប់នាពេលកន្លងមក
។
សូមបញ្ជាក់ថា លោកតា ហ្វុយ ហ្សូ ធ្លាប់បានបណ្តុះបណ្តាលកុមារកំព្រា កុមារអនាថាឥតទីពឹង ជាច្រើននាក់ ឱ្យមានចំណេះដឹង និងមានជំនាញផ្នែកសិល្បៈ អាចសម្តែងរកប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិតបាន តាមរយៈ សមាគម ចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ (ស.ច.វ.ជ.ក.ក)
។
ទន្ទឹមនឹងនេះ មានកុមារជាច្រើននាក់ បានធ្វើសមាហរណកម្ម និងបានអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព អាចបម្រើការងារនានាក្នុងសង្គមបាន៕