លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញពីការស្នាក់នៅ-ហូបចុក ក៏ដូចជាការហ្វឹកហាត់មានភាពល្អប្រសើរ ដើម្បីត្រៀមការប្រកួតជម្រុះ AFC U23 Asian នៅប្រទេសជប៉ុន ២ប្រកួតនៃវគ្គជម្រុះ ក្នុងពូល K
។
អ្នកចាត់ការក្រុមរូបនេះបានបញ្ជាក់ថា កីឡាករទាំងអស់បានហ្វឹកហាត់ត្រៀមបានល្អច្រើន ក៏ដូចជាការអនុវត្តិវិធានការកូវីដ-១៩ ព្រមទាំងការស៊ាំនឹងម្អូបអាហារនៅប្រទេសជប៉ុនផងដែរ។ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយក្រុមហុងកុង នាវេលាម៉ោង ១១ព្រឹក ម៉ោងនៅកម្ពុជា នាថ្ងៃទី២៣ ខែតុលា ស្អែកនេះ ហើយបន្ត១ប្រកួតចុងក្រោយជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង១១ព្រឹក ដូចគ្នា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village, Fukushima ដោយក្រុមទាំង៣នេះស្ថិតនៅក្នុងពូល K
។
សូមបញ្ជាក់ថា វគ្គជម្រុះនេះ មានក្រុមចូលរួមសរុបចំនួន៤១ក្រុម នៃទ្វីបអាស៊ី ដោយបែងចែកជា១១ពូល ហើយក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ (ស្នើនឹង១១ក្រុម) និងក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតចំនួន៤ក្រុមផ្សេងទៀត (សរុប១៦ក្រុម) នឹងត្រូវបានឡើងទៅប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន
។
សូមរម្លឹកផងដែរថា នៅក្នុងចំណោមបេក្ខភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់ចំនួន៣៦នាក់ បានចេញទៅបំពេញបេសកកម្មប្រកួត២ព្រឹត្តិការណ៍ គឺក្រុមឈុតធំបានឆ្លងផុតវគ្គជម្រុះបឋម AFC Asian Cup ជាមួយក្រុមកោះហ្គាម កាលពីពេលថ្មីៗនេះ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន ដោយក្រុមកម្ពុជាបានឡើងទៅប្រកួតបន្ត នៅវគ្គចែកពូល ជុំទី៣។ ក្នុងពេលប្រកួតនៅទីកដីកណ្តាលនៃប្រទេសបារ៉ែន ថ្មីៗនេះ កីឡាករសំខាន់ៗចំនួន៦នាក់ និងមន្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩ សរុប៧នាក់ ដែលបន្តស្នាក់នៅ និងព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារ៉ែន។ បច្ចប្បន្ន ពួកគេទាំង៧នាក់ ក្នុងនោះខ្លះបានជាសះស្បើយ និងខ្លះទៀតធ្វើតេស្តអវិជ្ជមាន ដោយរង់ចំបន្តធ្វើតេស្តម៉ាស៊ីន PCR
។
ក្រុមឈុតធំនេះ ចំនួន១០ផ្សេងទៀត មិនឆ្លងកូវីដ-១០ ដែលបានវិលត្រឡប់មកដល់កម្ពុជា និងបន្តធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលបាទី ខេត្តតាកែវ ដោយនៅថ្ងៃនេះសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ពីការបញ្ចប់ការធ្វើចត្តាឡីស័កតាមគោលការណ៍សុខាភិបាលហើយ។ ដោយឡែក ក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំ ដែលកំពុងត្រៀមហ្វឹកហាត់នៅទឹកដីជប៉ុន នាពេលនេះ ក៏បានរួមដំណើរជាមួយក្រុម ឈុតធំ ទៅប្រទេសបារ៉ែនដែរ ហើយក៏បានចេញពីប្រទេសបារ៉ែន ទៅប្រកួតនៅប្រទេសជប៉ុន នៃAFC U23 Asian Cup ដោយមិនមានបញ្ហាជំងឺកូវីដ-១៩នោះឡើយ៕