ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា កម្ពុជាប្រាថ្នាចង់ឃើញតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់សន្តិភាព ស្ថិរភាព និង គ្មានអាវុធនុយក្លេអ៊ែ។ លើមូលដ្ឋាននេះកម្ពុជាសូមអំពាវនាាវសូមឱ្យរាល់គំនិតផ្តួចផ្តើម រួមទាំងសម្ព័ន្ធភាពយោធា ដែលនឹងត្រូវបានដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរពមជ្ឈភាពអាស៊ាន បំពេញបន្ថែមនូវយន្តការដែលមានស្រាប់ និងលើការគោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់
។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងចូលរួមនូវមតិមួយចំនួន ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំ ដែលក្នុងនោះមាន ទី១. វិបត្តិនៃជំងឺកូវីដ-១៩ នៅតែជាក្តីកង្វល់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា។ ដូចនេះការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺជារបៀបវារៈចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះដោយមិនប្រកាន់និន្នាការនយោបាយ និងមិនយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ។ ទន្ទឹមនេះ ជាមួយនឹងការអភិវឌ្ឍថ្មីៗនៃវ៉ាក់សាំង និងថ្នាំព្យបាល កម្ពុជាក៏សុំអំពាវនាវឱ្យការចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅប្រកបដោយសមធម៌ ក្នុងតម្លៃសមរម្យ និងទាន់ពេល
។
ទី២. ដើម្បីពន្លឿនការស្តារសង្គមសេដ្ឋកិច្ច យើងត្រូវបន្តធានាឱ្យបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង និងពាណិជ្ជកម្មឆ្លងដែន ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ ។ ក្នុងស្មារតីនេះ កម្ពុជាសូមអបអរចំពោះការដាក់ចេញនូវ សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និង សេចក្តីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីការស្តារឡើងវិញប្រកបដោយចីរភាព និងបៃតង
។
ទី៣. ពាក់ព័ន្ធនឹងការរៀបចំ សេចក្តីព្រាងផែនការសកម្មភាពថ្មី ឆ្នាំ ២០២៣-២០២៧ កម្ពុជាយល់ថា គួរផ្តោតលើកិច្ចសហការក្នុងវិស័យអាទិភាពចំនួន ៤ ស្របតាមនិន្នាការសកល រួមមាន (១).ការពង្រឹងសន្តិសុខផ្នែកសុខភាពសាធារណៈ (២).ការកសាងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និង មធ្យម (៣).ការជំរុញ និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល និង (៤).ថាមពលប្រកបដោយចីរភាព៕