ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយ ជ្រើសរើសជើងឯក (Open Water) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ខណ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតបើកឱ្យដំណើរការទូទាំងប្រទេសលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១
។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាត បើកប្រទេសឡើងវិញពីរាជរដ្ឋាភិបាល ព្រមទាំងទទួលបានការអនុញ្ញាតជាគោលការណ៍ ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងនោះ គឺយើងនឹងរៀបចំការប្រកួត ហែលទឹកទីឆ្ងាយ បុរស-នារីលើ២វិញ្ញាសា ប៉ុន្តែមិនបើកទូលាយទេ ដោយយើងអនុវត្តតាមវិធានការ សុខាភិបាលដដែល
។
គោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះ ត្រូវបានលោកអគ្គលេខាធិការលើកឡើងថា គឺដើម្បី បំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជា ឱ្យកាន់តែផុសផុលឡើង ជាមួយសហព័ន្ធកីឡាហែល ទឹកអន្តរជាតិ (FINA) និងផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែល កំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុង វិបត្តិជំងឺកូវីដ-១៩ ជាយូរមកហើយ ដោយមិនមានការប្រកួត
។
លោក ហែម គីរី បញ្ជាក់ថា វិញ្ញាសាហែលទឹកទីឆ្ងាយ ដែលដាក់ឱ្យប្រកួត គឺសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ខណៈប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះ ជាទូទៅ គេរៀបចំការប្រកួតនៅតាមបឹង ទន្លេ ឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបសហព័ន្ធ សម្រេចរៀបចំការប្រកួតនៅអាងហែលទឹកជំនួសវិញ
។
លោកបន្ថែមថា តាមពិតទៅវិញ្ញាសាហែលទឹក ទីឆ្ងាយនេះ សហព័ន្ធធ្លាប់បានរៀបចំការប្រកួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចំនួន ៣លើករួចមកហើយ ដូចជានៅក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្ត ព្រះសីហនុ និងនៅក្នុងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ សហព័ន្ធគ្រោងនឹងរៀបចំហែលទីឆ្ងាយនេះ ត្រឹម៥គីឡូម៉ែត្រ(បុរស)សិន ហើយនាពេលខាងមុខ នឹង ព្យាយាមឱ្យបានច្រើនគីឡូម៉ែត្របន្ថែម ពីព្រោះកម្រិតការប្រកួតស្តង់ដារអន្តរជាតិនេះ មានរហូតដល់ ១០គីឡូម៉ែត្រ
។
លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថា មានឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឱ្យមានធនធានឱ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ៕