ព្រឹកថ្ងៃ ព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ក៏ជាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតរវាងក្រសួងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅលើវិស័យពាក់ព័ន្ធទាក់ទងនឹងផ្នែកបច្ចេកទេស កិច្ចប្រតិបត្តិការក្នុងវិស័យសោតទស្សន៍ ជាមួយនឹងវិស័យទូរគមនាគមន៍។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោយពីជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្ដីការក្រសួងព័ត៌មាន
។
ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្តេជ្ញាធ្វើកិច្ចសហការជាមួយគ្នា ដើម្បីបំពេញឱ្យបានសម្រេចរាល់ការងារដែលរាជរដ្ឋាភិបាលបានដាក់ជូន។ ជាមួយគ្នានេះ ក្រសួងទាំងពីរ នឹងមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួម សម្រាប់កិច្ចសហប្រតិបត្តិការ នាពេល បច្ចុប្បន្ន និងបន្តទៅពេលខាងមុខទៀត នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកម្ពុជា មានដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលមានសក្ដានុពលនៅក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេស ក្នុងវិស័យ ឌីជីថល ។ សម្រាប់ការងារ ឌីជីថល នេះ គឺជាកិច្ចការងារដ៏សំខាន់ នឹងត្រូវបានការយកចិត្តទុកដាក់របស់ក្រសួងជំនាញទាំងពីរ គឺក្រសួងព័ត៌មាន និង ក្រសួងប្រៃសណីយ៍ និទូរគមនាគមន៍
។
ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម ជា វ៉ាន់ដេត បានសម្ដែងនូវការរីករាយ ដែលបានជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ហើយក៏បានធ្វើការចង្អុលបង្ហាញដល់មន្រ្តីជំនាញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ឱ្យរួមសហប្រតិបត្តិការគ្នា កាន់តែជិតស្និត បន្ថែមទៀត លើគ្រប់ផ្នែកទាំងអស់ ពាក់ព័ន្ធការងារបច្ចេកទេស ការងារជំនាញ ពិសេសវិស័យ ផ្សព្វផ្សាយ សោតទស្សន៍ និងទូរគមនាគមន៍ ឱ្យកាន់តែមានភាពរីកចម្រើន៕