ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ
។
សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានសម្តែងការ អបអរសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងស្មារតីមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលតាមរយៈទំនាក់ទំនងនេះបានជំរុញដល់ការកើនឡើងគួរឲ្យ កត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ កាលពីឆ្នាំ២០២០កន្លងទៅ និងរួមចំណែកយ៉ាង សំខាន់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ការជួយ ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ
។
សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង ក៏បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តីក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក
។
ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតរវាងភាគីទាំងពីរ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ និងបានឯកភាពបន្តបង្កើនការយកចិត្តទុកដាក់លើការងារមួយចំនួន
។
ការងារសំខាន់ៗទាំងនោះ រួមមានការបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន
។
ភាគីទាំងពីរក៏បានឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន
។
ជាមួយគ្នានេះ ក៏បានឯកភាព បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ស្របតាម នីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ ការពិនិត្យព្យាបាលជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាព នានាតាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក៕