ភ្នំពេញ៖ថ្ងៃ ព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ របស់យើងបានកំណត់គោលដៅរបស់ខ្លួន ដោយឈរលើគោលការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយម ផ្អែកលើវិធានច្បាប់
។
ថ្លែងក្នុងសុន្ទរកថាបើកដំណើរការកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM-13) បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានមកលើអាយុជីវិតប្រជាជននិងសង្គម-សេដ្ឋកិច្ច
។
សម្ដេចតេជោគូសបញ្ជាក់ថា ខណៈដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាល នៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ នេះ ពោលគឺ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» កាន់តែមានសុពលភាព និងភាពសមស្របជាងពេលណាៗទាំងអស់។ សម្ដេចតេជោបន្ដថា ជាការពិត នៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមាន សេចក្តីត្រូវការ ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន “ការចែករំលែក” ផងដែរ។ សម្ដេចតេជោលើកឡើងថា ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏ សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍៖ ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសង់ស៊ីស និងភាពជាដៃគូស្មើភាព ដែលសភាពការណ៍បច្ចុប្បន្នត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប
។
ជាមួយគ្នានេះ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ ។ ក្នុងស្មារតីនេះ សម្ដេចតេជោយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។ ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអាទិភាពរបស់ខ្លួន យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូល រួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការ អភិវឌ្ឍរបស់ពិភពលោក
។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា។ ក្នុងន័យនេះ គោលបំណងសំខាន់ៗ កិច្ចប្រជុំកំពូល គឺ ទី១-ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា។ ទី២-លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល។ ទី៣-លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់។ ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ទី៥-ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM និង ទី៦-ដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ដី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត
។
សម្ដេចតេជោប្រមុខរាជដ្ឋាភិបាលកម្ពុជាក៏បានថ្លែងឱ្យដឹងដែរថា ចាប់តាំងពីបានចូលរួមនៅក្នុងដំណើរការ ASEM នៅឆ្នាំ២០០៤ កម្ពុជាតែងតែយកចិត្តទុកដាក់ ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ។ ការរក្សាសន្ទុះនៃដំណើរការ ASEM ពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះ ។ ជាក់ស្ដែង កាលពី ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ យើងបានអនុម័តសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រី ASEM ស្ដីពីជំងឺកូវីដ-១៩ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងកិច្ចសហការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ទន្ទឹមនេះដែរ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) កម្ពុជាបានចេញផ្សាយសៀវភៅស្រាវជ្រាវគាំទ្រដល់កិច្ចប្រជុំ ASEM លើកទី ១៣ ក្រោមចំណងជើងថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ ចីរភាព និងផ្អែកលើវិធានច្បាប់ សម្រាប់ ASEM” ដែលជាចំណែកមួយនៃការផ្តល់ទស្សនាទានដល់ដំណើរការ ASEM
។
លើសពីនេះទៀត សម្ដេចតេជោបានបន្ថែមថា យើងក៏បានរៀបចំព្រឹត្តិការណ៍ អមចំនួន ៦ បន្ថែមទៀត ក្រោមកិច្ចសហការជាមួយដៃគូ ASEM ទាំងអស់ និងមូលនិធិអាស៊ី-អឺរ៉ុប ផងដែរ៕