ភ្នំពេញ៖ថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១
។
វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ វាជាករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ និងត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូល បានកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ ការឆ្លងនៅអាហ្វ្រិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោកនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
។
អូមីក្រុង ឬ B.1.1.529 ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅក្នុងចំណោមនោះ បង្កឱ្យមានការព្រួយបារម្ភ។ ភស្តុតាងបឋម បង្ហាញថាវីរុសបំប្លែងខ្លួនថ្មីនេះ បង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ។ អូមីក្រុង ក៏ត្រូវបានគេរកឃើញក្នុងអត្រាលឿនជាងអត្រា នៃការកើនឡើងជាគំហុកនៃការឆ្លងនានាកន្លងមក ដែលនេះបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីមួយនេះ អាចឆ្លងដល់មនុស្សបានយ៉ាងងាយស្រួល ហើយធ្វើឱ្យវាជាវីរុសដែលងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុនៗ
។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ៖ “យើងមិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។ អ្នកស្រាវជ្រាវ កំពុងពិនិត្យមើលឥទ្ធិពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត ហើយអ្នកវិទ្យាសាស្ត្រក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថាតើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុណ្ណា? ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា?”
។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “ទោះជាយ៉ាងណាក៏ដោយ ដំណឹងវិជ្ជមានគឺថាការវិភាគរកវីរុសកូវីដ-១៩ ដោយប្រើម៉ាស៊ីនមន្ទីរពិសោធន៍ PCR នាពេលបច្ចុប្បន្ន បន្តរកឃើញវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដូច្នេះយើងអាចតាមដានការរីករាលដាលរបស់វា។ យើងអាចកែកម្រូវ និងពង្រឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩របស់យើង ដោយផ្អែកលើព័ត៌មានថ្មី ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់វា។ វិធានការឆ្លើយតបនោះ អាចរាប់បញ្ចូលទាំងការពង្រឹងការតាមដានជំងឺ ការចាត់ថ្នាក់ និងការអនុវត្តវិធានការព្រំដែនអន្តរជាតិដែលផ្អែកលើហានិភ័យ។ ការកែតម្រូវ និងការផ្លាស់ប្ដូរក្នុងការឆ្លើយតបរបស់យើង នឹងបន្តធ្វើឡើងនៅពេលដែលយើងយល់ដឹងបន្ថែមទៀតអំពីវីរុសបំប្លែងខ្លួនថ្មីនេះ ហើយការសម្រេចចិត្តដ៏ឆាប់រហ័សទាំងនេះ នឹងបង្ហាញថា អភិក្រមសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលផ្អែកលើវិទ្យាសាស្ត្រ និងហានិភ័យមួយនេះ អាចប្រើការបាន។ ព័ត៌មានអំពីអូមីក្រុង មានការវិវត្តយ៉ាងឆាប់រហ័ស ហើយនៅពេលមានភស្តុតាងកាន់តែច្រើនឡើង អាជ្ញាធរសុខាភិបាលនឹងឆ្លើយតបបានសមស្រប ដើម្បីរក្សាសហគមន៍ឱ្យមានសុវត្ថិភាព”
។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា កម្ពុជាគួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ក៏ដោយ។ ហើយបុគ្គលគ្រប់រូប គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនៃករណីជំងឺកូវីដ-១៩ ហើយយើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបផងដែរ
។
វិធីការពារខ្លួនអ្នក មនុស្សជាទីស្រលាញ់របស់អ្នក និងសហគមន៍កម្ពុជាទាំងមូល ដែលមានប្រសិទ្ធភាពបំផុតនោះ គឺការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុខភាពសាធារណៈ និងសង្គម។ វិធានការ ៣កុំ និង៣ការពារ របស់កម្ពុជា នៅតែមានសារៈសំខាន់។ ការពាក់ម៉ាសបានត្រឹមត្រូវ អនាម័យដៃ ដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន ការចៀសវាងកន្លែងមានមនុស្សច្រើន គឺជាអាវក្រោះការពារដ៏ខ្លាំង បំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមបញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីនានាផងដែរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែមានសារៈសំខាន់ ជាពិសេសសម្រាប់ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល និងមនុស្សចាស់
។
អង្គការសុខភាពពិភពលោក បន្តវាយតម្លៃស្ថានភាពដែលប្រែប្រួលលឿនរហ័ស តាមដានការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងការរីករាលដាលរបស់វា និងផ្តល់ប្រឹក្សាផ្នែកវិធានការឆ្លើយតប ចំពោះការគំរាមកំហែងរបស់វីរុសបំប្លែងខ្លួនថ្មីនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយទេ។ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់យ៉ាងក្នុងការសង្គ្រោះជីវិតមនុស្ស និងការពារសុខភាព ខណៈដែលកម្ពុជាអនុវត្តដំណើការបើកប្រទេសឡើងវិញប្រកបដោយសុវត្ថិភាព និងចីរភាព
។
ថ្លែងក្នុងន័យបារម្ភ និងស្រដៀងគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ពស់ បើទោះជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ហើយសម្រាប់អ្នកមិនទាន់ចាក់វិញ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា
។
លោកជំទាវ បានបញ្ជាក់ថា ៖ “វីរុសប្រភេទថ្មីនេះ នឹងមានលទ្ធភាពធ្វើចរាចរចូលកម្ពុជា ក៏ព្រោះតែមានការចរាចររបស់មនុស្សមកពីគ្រប់ទិសទីច្រើន ដូច្នេះលទ្ធភាពនៃការចម្លងវីរុសប្រភេទនេះប្រាកដជាមាន”៕