ខេត្តកណ្ដាល៖ព្រឹកថ្ងៃ សុក្រ ១៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១
។
មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ដោយមានការអញ្ជើញចូលរួមពី លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល និងលោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្ដាល នៅសាលាឃុំព្រែកអំពិល ក្នុងស្រុកខ្សាច់កណ្ដាល ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់
។
មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយនេះដែរ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានលើកឡើងថា វេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” នៅពេលនេះ គឺក្នុងគោលបំណងសំដៅបំផុសស្មារតី ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន មានការភ្លើតភ្លើន ហួសហេតុនាំឱ្យប្រាសចាកពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌សង្គម តួយ៉ាងដូចជា “ថ្ងៃ១៤ កុម្ភៈ ទិវានៃក្តី ស្រឡាញ់” កន្លងមកនេះ បានធ្វើឱ្យប្អូនៗ យុវវ័យមួយចំនួន មានការភ័ន្តច្រឡំ ចំពោះអត្ថន័យ ទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ និងប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តសកម្មភាពពុំគប្បីប្រាសចាកសីលធម៌ ដែលនាំឱ្យមានផលប៉ះពាល់ជា អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដូច្នេះហើយទើបថ្ងៃនេះ មន្ទីរកិច្ចការនារី បានធ្វើវេទិកាផ្សព្វផ្សាយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេស យុវវ័យ គួរពិចារណានូវអ្វី ដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ក្នុងទិវានៃក្តីស្រលាញ់នេះ តាមរយៈការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ក្នុងអត្ថន័យចែក រំលែកក្តីស្រលាញ់ ប្រកបដោយកតញ្ញុតាធម៌ ដឹងគុណ សេចក្តីថ្លៃថ្នូរ និងទំនួលខុសត្រូវខ្ពស់ និងគួរប្រកាន់ខ្ជាប់នូវសីលធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ឱ្យបានខ្ជាប់ខ្ជួន ស័ក្កសមជាកុលបុត្រ កុលធីតាខ្មែរ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍជាតិ
។
លោកស្រីប្រធានមន្ទីរ បានស្នើដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសមាតាបិតា និងអាណាព្យាបាល យុវវ័យ សូមចូលរួមផ្សព្វផ្សាយពន្យល់ ណែនាំ និងក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅថែរក្សា ប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ខ្មែរ ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិស្របទៅតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន
។
លោកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្ដាល បានលើកឡើងថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១នេះ ស្រុកខ្សាច់កណ្ដាលមានអំពើហិង្សាក្នុងគ្រួសារចំនួន ២៧ លើ ក្នុងនោះឃុំព្រែកអំពិល មានអំពើហិង្សាក្នុងគ្រួសារច្រើនជាងគេ ដោយក្នុងរយៈពេល ១១ខែនេះ មានចំនួនអំពើហិង្សាក្នុងគ្រួសារកើតឡើងចំនួន ៥លើក ដែលជាហេតុនាំឱ្យអាជ្ញាធរស្រុក សហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំវេទិកាផ្សព្វផ្សាយស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” នៅឃុំព្រែកអំពិល
។
លោកស្រីអភិបាលរងស្រុក បន្ថែមទៀតថា អំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងនៅស្រុកខ្សាច់កណ្ដាល ភាគច្រើនគឺបណ្ដាលមកពី កត្តាក្រីក្រ ខ្វះការយល់ដឹងអំពីច្បាប់ ខ្វះការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ដែលកត្តានេះហើយបានធ្វើឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងគ្រួសារ
។
បន្ទាប់ពីវេទិកាផ្សព្វផ្សាយនេះហើយ លោកស្រីអភិបាលរងស្រុក សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាល ពិសេសឃុំព្រែកអំពិល សូមធ្វើការផ្សព្វផ្សាយជូនដល់សមាជិកគ្រួសារ និងមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារឱ្យបានទូទាំងស្រុកខ្សាច់កណ្ដាល។