អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុសទម្រង់ថ្មីអូមីក្រុងត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៦៣ ហើយយោងតាមទិន្នន័យបឋមបានឱ្យដឹងថា វានឹងមានការឆ្លងរាលដាលលឿនជាងវីរុសទម្រង់ឌែលតា។
អង្គការសុខភាពពិភពលោកបាននិយាយថា «គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ករណីនៃការឆ្លងជាមួយនឹងវីរុសទម្រង់នេះត្រូវបានកំណត់នៅក្នុងប្រទេសចំនួន ៦៣ នៅទូទាំងតំបន់ទាំង ៦ របស់អង្គការសុខភាពពិភពលោក»។
អង្គការនេះបាននិយាយបន្ថែមថា «វាមិនទាន់ច្បាស់នៅឡើយទេថា ហេតុអ្វីបានជាវីរុសទម្រង់ថ្មីនេះមានការឆ្លងរាលដាលលឿនដូច្នេះ។ ទោះជាយ៉ាងណា ដោយសារទិន្នន័យដែលមាននាពេលបច្ចុប្បន្ននេះ បានបង្ហាញថាវីរុសទម្រង់អូមីក្រុងទំនងជាមានការឆ្លងរាលដាលលឿនជាងវីរុសទម្រង់ឌែលតានៅក្នុងការចម្លងនៅក្នុងសហគមន៍»។
ដោយផ្អែកទៅលើទិន្នន័យបឋមបានឱ្យដឹងថា វីរុសទម្រង់អូមីក្រុងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុន្តែវីរុសទម្រង់នេះមានគ្រោះថ្នាក់តិចជាងវីរុសទម្រង់ឌែលតា៕