ខេត្តកណ្តាល៖ ព្រឹកថ្ងៃ ព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយលោកជំទាវជាភរិយាថ្នាក់ដឹកនាំ និងសប្បុរសជននានា អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភសិស្សអូទីស្សឹម នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការHHC បានអោយដឹងថា សាលាកុមារអូទីស្សឹមនៃអង្គការHHC បានបង្កើតឡើងក្នុងរយៈពេល៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរព័ត៌មាន មន្ទីរសង្គមកិច្ច ដើម្បីរៀបចំសាលាកុមារអូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ សម្តេចប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថានទូតសាំងហ្គាពួរជាដើម។ ហើយសព្វថ្ងៃនេះមានកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥នាក់ ស្រី៦៨ ព្រមទាំងបានជួយបង្រៀនកុមារដែលមាន ពិការភាពធ្ងន់ធ្ងរនៅតាមផ្ទះបានចំនួន២៥នាក់ផងដែរ។
លោក បន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាណាព្យាបាល និងសប្បុរសជននានា និងដោយសារសិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹម មានការកើនឡើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ បានប្រែក្លាយ សាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍HHC ឱ្យទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២១ ដែលអនុញ្ញាតអោយវិទ្យាល័យមួយនេះមានវិសាលភាពចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។
មានប្រសាសន៍សំណាល និងសួរសុខទុក្ខ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។
លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួន ដែលបានឧបត្ថម្ភពីសប្បុរសជននានា ជូនដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយក្នុងនោះរួមមាន៖ អង្ករ ៥០០គីឡូក្រាម និងថវិកា១ម៉ឺន៨ពាន់ដុល្លារ និងបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន អាវរងាចំនួន១ និងថវិកា ៥ម៉ឺនរៀល។
បន្ទាប់មកគណធិបតី បាទអបអរសាទរខួប ៩ឆ្នាំ ក្នុងការបង្កើតអង្គការHHC ហើយសព្វថ្ងៃនេះប្រែក្លាយជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងអញ្ជើញទស្សនាការលេងល្បែងកំសាន្តនានា ពីសំណាក់កុមារខ្សោយសតិបញ្ញា និងអូទីហ្សឹម។