នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ខណៈឆ្នាំ២០២២ខាងមុខនេះ អាចជាឆ្នាំនៃការចរាចររបស់វីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron)។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំជឿថា យើងទាំងអស់គ្នាពិតជាអាចធ្វើបានក្នុងការបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ដើម្បីការពារពីភាពធ្ងន់ធ្ងរនៃសុខភាព ការចូលសម្រាកពេទ្យ និងមរណភាព ដែលស្មើនឹងទៅរកការរស់នៅតាមបែបប្រក្រតីភាពថ្មី។ ខ្ញុំគិតថាឆ្នាំ២០២២ខាងមុខនេះ គឺជាឆ្នាំដែលវីរុសបំប្លែងថ្មី អូមីក្រុង នឹងចរាចរពាសពេញពិភពលោក និងកម្ពុជាផងដែរ។ ហេតុដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងត្រូវត្រៀមខ្លួនពីការកើនឡើងនៃវីរុសបំប្លែងថ្មីនេះ”។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានជូនពរដល់បងប្អូនសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ហើយក៏ជាឆ្នាំដែលត្រូវរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ រួមទាំងពពួកបំប្លែងខ្លួនថ្មីៗទៀតផងដែរ៕