ស្រុកអង្គស្នួល ៖ព្រឹកថ្ងៃចន្ទ ចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
ភាពកង្វល់ ការលំបាក និងបញ្ហាប្រឈមនានា ត្រូវបានពលរដ្ឋ ស្រុកអង្គស្នួល សំណូមពរ អោយអាជ្ញាធរខេត្ត ជួយសំរបសំរួល ដោះស្រាយ ដើម្បីប្រាកដថា តើរាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ ឆ្លើយតប (បាន ឬ មិនបាន) យ៉ាងណានោះ? ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សា ខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ ដែលប្រារព្ធធ្វើឡើង នៅស្រុកអង្គស្នួល ឯកឧត្ដម នូ សាខន សមាជិកក្រុមប្រឹក្សា ខេត្ត តំណាងឯកឧត្ដម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម ណុប តារា អភិបាលរងខេត្ត បានលើកទឹកចិត្ត អោយប្រជាពលរដ្ឋ លើកឡើងពី ការលំបាក និងសំណូមពរនានា ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ព្រមទាំងបាន ឡើងរាយការណ៍ ពីសមិទ្ធផលនានា របស់រដ្ឋបាល ខេត្តកណ្តាល សំរេចបាន រយ:ពេល៩ខែ ពាក់ពន្ធ័និង វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែលត្រូវរួមគ្នាដោះស្រាយ។
ថ្លែងក្នុងវេទិកានេះ ឯកឧត្ដម នូ សាខនគូសបញ្ជាក់ថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ គឺជាការផ្ដល់ឱកាសអោយប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សា អំពីអាទិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងប្រសិទ្ធភាព ។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើង នូវសំណូមពរ មួយចំនួនពាក់ពន្ធ័ការស្នើសុំផ្លូវបេតុង និងផ្លូវកៅស៊ូ ដែលជាផ្លូវអន្តរឃុំ។ ស្នើសុំកម្លាំងប៉ុស្តិ៍នគរបាលអោយតាមស្តង់ដារ ដោយប៉ុស្តិ៍នគរបាល១ មានកម្លាំងចាប់៩ទៅ១២នាក់។ ស្នើសុំស្ដារប្រឡាយនៅឃុំបែកចាន និងស្ដាប្រឡាយ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀង។
គួរបញ្ជាក់ថា៖ រាល់បញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិការត្រូវបានអាជ្ញាធរខេត្ត មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀត ត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច៕