លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កើតនៅថ្ងៃ១៤ ខែមីនា ឆ្នាំ១៩៧៧ នៅខេត្តបាត់ដំបង។ ម្តាយឈ្មោះ សុខ សុវណ្ណនារីកញ្ចរ៉ា និងឪពុកឈ្មោះ រស់ ស៊ីសុរិយាបុត្រ។ ម្ដាយរបស់លោក បានស្លាប់ ក្រោយលោក កើតបានមួយសប្ដាហ៍ ក្នុងជំនាន់ប៉ុលពត។ នៅឆ្នាំ១៩៨២ ឪពុក ក៏ស្លាប់ដោយសារជំងឺ។
លោកបានរស់នៅជាមួយពូបង្កើត រហូតដល់ឆ្នាំ១៩៨៨។ ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកក្ស័យធន់ ហើយរត់ទៅបរទេស លោកក៏បានរស់នៅ តែម្នាក់ឯង គ្មានបងប្អូន ដោយការអាស្រ័យខ្លួន នៅវត្តនិរោធ។
អំឡុងពេលរៀនសាកលវិទ្យាល័យ លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ធ្វើការជាអ្នករត់តុ នៅរង្គសាល នាគព័ន្ធ។ ហើយឆ្លៀតពេលទំនេរ ទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែម ដើម្បីរៀនសូត្រ ហើយក្រោយពីនោះ បានទៅសម្រាកនៅវត្ត។
នៅក្នុងអំឡុងឆ្នាំ២០១៣ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានលេចមុខចូលរួម បាតុកម្មជាមួយមេដឹកនាំ អតីតមេដឹកនាំ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជា ធិបតេយ្យ និងបានបង្កើតចលនាប្រជាធិបតេយ្យនិយម ដែលចលនានេះ គឺជាក្រុម យុវជនដែលមាននិន្នាការប្រឆាំង។ ហើយបានដឹកនាំសមាជិករបស់ចលនានេះ ចូលរួមមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ប្រឆាំងលទ្ធផលបោះឆ្នោត។
ចាប់ពីពេលនោះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានកសាងកម្លាំង និងទទួលបាន ប្រជាប្រិយភាព ពីក្រុមយុវជន ដែលមាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពផ្សេងៗ និងទទួលបានថវិកាឧបត្ថម្ភ ពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាព និងបានបង្កើត ព្រឹត្តិការណ៍មួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ គឺការប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋ ទាមទារកោះត្រល់ ពីវៀតណាម។
ដោយមានការគាំទ្រ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសម្រេចចិត្តបង្កើត គណបក្ស “ខ្មែរក្រោក” នៅក្នុងឆ្នាំ២០១៨ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ប៉ុន្តែមិនទទួលបានអាសនៈនោះទេ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ទេសរដ្ឋមន្ត្រី និងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ ដោយមានកំហុស ក្នុងការចុះបំពេញការងារ នៅខេត្តព្រះសីហនុ លោកត្រូវបានបញ្ចប់មុខតំណែង ពីសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើ ទេសរដ្ឋមន្ដ្រី។ បើទោះទោះបីជាបញ្ចប់មុខតំណែងនេះក៏ដោយ ក៏លោកបានបន្តសកម្មភាពរបស់ខ្លួន ដដែល ប៉ុន្តែមិនក្រអឺតក្រទម ដូចកាលនៅមានតំណែងនោះទេ។
នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួកជាង ១០ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន ពាក់ព័ន្ធ ករណីចូលប្លន់ នៅក្នុងផ្ទះវីឡា របស់អ្នកលក់ឡេ អ៊ាន សៀវម៉ី។ ការចាប់ខ្លួននេះ បន្ទាប់ពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានដឹកនាំបក្ខពួកខ្លួន ប្រដាប់ដោយអាវុធ ចូលប្លន់ផ្ទះ អ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសារភាពថាៈ ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺខ្លួនជាអ្នកដឹកនាំ ដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ បួននាក់ផ្សេង ទៀត ប្រដាប់ដោយអាវុធ ចំនួន ប្រាំដើម (AK មួយដើម និងកាំភ្លើងខ្លី បួនដើម) បានចូលទៅបន្លំ ជាសមត្ថកិច្ច ចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។
មេខ្លោងរូបនេះ បានបន្ថែមថាៈ ពេលចូលក្នុងផ្ទះ រូបខ្លួន បានកាន់កាំភ្លើងខ្លី មួយដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ មួយគ្រឿង និងស្ពាយសាក់កាដូមួយ តែដោយសាររូបខ្លួន មីញ៉ូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រ ជាច្រើនឈុតហើយ ទើបនាំគ្នាចូល ឡាន គេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួច ពីសំណាញ់ច្បាប់ដដែល។
សូមជម្រាបថា វេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា ប្រាំនាក់ ស្លៀកពាក់ ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេ អនឡាន ល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរ បានចាកចេញប្រមាណ ៧ នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទ មកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។
កម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញ ដីកាបង្គាប់ឲ្យនាំខ្លួន ឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើស ទម្លាក់ចោល គឺជាដីកាក្លែង ក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ ធ្វើសកម្មភាព ក៏សន្និដ្ឋានថា ជាការក្លែងបន្លំ។ បន្ទាប់មក អាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់ មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះ មានការជាប់ពាក់ព័ន្ធ ជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញា អស់ពេល មួយយប់ មួយថ្ងៃ។
ក្រោមការចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបានទទួល ការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដោយចាត់ឲ្យលោក ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន ពីរនាក់ ដែលបាន បើកឡាន ចេញពីផ្ទះ ដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះ ដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន ១០ នាក់បន្ថែមទៀត សរុប ១២ នាក់ (ប្រុសប្រាំបួននាក់ ស្រីបីនាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ផងដែរ៕