សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។
បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤១លានដូស។ វ៉ាក់សាំងនេះ កម្ពុជា បានចំណាយថវិកាក្នុងការទិញមួយចំនួន និងក្រៅពីនោះ ទទួលបានជំនួយពីប្រទេសជាមិត្ត និងតាមរយៈជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ផងដែរ។
ជាមួយគ្នានោះ កម្ពុជា ក៏បានជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនរហ័សផងដែរ ដែលមកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានជាង ១៣.៦លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ៣.៣លាននាក់។
សូមបញ្ជាក់ជូនផងដែរថា ក្នុងឱកាសសម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ខាងលើ TV APP និង Facebook Page ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ៕